ប្រទេស​កម្ពុជាជាប្រទេស​កំណើត​នៃយើងទាំងអស់គ្នា ជាប្រទេសតែមួយគត់ដែលយើង​ចាំបាច់​ត្រូវ​តែគិត​ដំបូង​គេ​ និង​ជួយ​ឱ្យបាន​ច្រើនបំផុត​តាម​លទ្ធភាពដែលអាច​ធ្វើ​ទៅបាន ដើម្បីសេចក្ដីសុខប្រជាពលរដ្ឋ និងភាពរីកចម្រើននៃសង្គមជាតិ​យើង​។

ហេតុ​នេះ​ ហេតុអ្វី​បាន​ជាយើង​ត្រូវ​ជួយកម្ពុជា?” នេះក៏ព្រោះថា​​ជា​កាតព្វ​​កិច្ច​របស់​យើង​ទាំង​អស់​គ្នា​ដែល​ត្រូវ​បំពេញ​ ដើម្បី​តបស្នង​សងគុណ​ដល់​សង្គម​ជាតិខ្លួន​នោះ​ឯង ប្រៀប​ដូច​ទស្សនៈ​មួយ​បាន​លើក​ឡើង​ថា “នៅពេល​ដែល​យើង​ចាប់​កំណើត​នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​ណាមួយ មាន​ន័យថា យើងបាន​ជំពាក់​គុណ​ទឹក​ដី​ប្រទេស​នោះ​រួច​ទៅហើយ បើទោះជា​ប្រទេស​​នោះ​មិន​បាន​ជួយ​អ្វី​ដល់​យើង​ពេលដែល​យើង​កើត​នោះ​​ក៏ដោយ”

ដោយ​យោង​លើ​ហេតុ​ផល​ខាង​លើ​នេះ​ហើយ ទើប​បាន​ជា​ចាំ​បាច់ត្រូវតែ​​បង្កើត​ឱ្យមានជា “មូលនិធិ​យើង​ជួយ​កម្ពុជា” នេះ​ឡើង គឺ​ដើម្បី​​ឱ្យបងប្អូន​កម្ពុជា​​ដែល​ប្រកបដោយចិត្ត​សប្បុរសទាំង​ឡាយ​ មាន​មូលនិធិ​សប្បុរស​ធម៌​ដ៏​ល្អ​មួយ សម្រាប់ឱ្យ​ខ្លួន​បរិច្ចាគយកទៅ​ជួយដល់​ពលរដ្ឋក្រីក្រ​លំបាក​ដែលជាជនរួមជាតិរបស់ខ្លួន ​និងចូលរួម​ចំណែក​ជួយ​អភិវឌ្ឍ​​សង្គម​ជាតិ​កម្ពុជាដែលជាប្រទេស​កំណើត​របស់ខ្លួន​ឱ្យ​កាន់តែ​រីកចម្រើនជឿន​លឿន​​នោះឯង។

“មូលនិធិ​យើង​ជួយ​កម្ពុជា” ជាមូលនិធិ​សប្បុរសធម៌​ ហេតុនេះ​ អ្វីដែល​យើង​ចង់​បាន​បំផុត គឺការចូលរួមជួយ​​ដោយ​​ចិត្តពិតប្រាកដ បើ​​ទោះជា​ការ​​ចូលរួមជួយនោះ ជាការ​បរិច្ចាគ​​ជាថវិកាក្ដី, ជាការឧបត្ថម្ភ​ជាអ្វី​មួយ​ក្ដី, ជាការ​​​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​អ្នក​ជួយ​ការ​ងារ​ក្ដី​​, ជាការ​ចូលជា​សមាជិក ឬដៃ​គូ​សហការ​ក្នុង​គម្រោង​ការងារ​អ្វី​មួយក្ដី និង​ទោះជា​តិចក្ដី, ច្រើនក្ដី ឱ្យតែ​ជាការ​ជួយ​ដោយ​ស្ម័គ្រស្មោះ​ចេញ​ពីចិត្ត​ពិតប្រាកដ នោះយើង​នឹង​រីករាយ​ទទួល​យក​ដោយសេចក្ដី​អំណរបំផុត។

​ហេតុ​នេះ​ ប្រសិន​បើ​អ្នក​​មាន​ចិត្ត​ចង់ជួយ​​ប្រជា​ពលរដ្ឋ​ក្រី​ក្រ​លំបាកនៅ​កម្ពុជាដែលជា​ជនរួម​ជាតិ​របស់ខ្លួន ដូចជា ក្មេងកំព្រា, ចាស់ជរា, ជនពិការ, ស្រី, កុមារ និង​ជនគ្មានទីជម្រកទាំង​ឡាយដែលមាន​ជីវភាពខ្វះ​ខាត​ក្នុង​ជីវិត​​ ក៏ដូចជា​ចង់ចូលរួម​ចំណែក​​ជួយ​អភិវឌ្ឍ​សង្គម​ជាតិ​កម្ពុជាឱ្យ​កាន់​តែ​រីក​ចម្រើន​ជឿន​លឿន ​អ្នក​អាច​ចូលរួម​ជួយ​តាមរយៈ​ ​ “មូលនិធិយើង​ជួយ​កម្ពុជា” បានតាម​ទឹកចិត្ត និង​លទ្ធភាពរៀងៗ​ខ្លួន ដោយគ្មាន​ការ​បង្ខិត​បង្ខំ ឬ​កំណត់​ចំនួន​នោះឡើយ។​​

តើ​​អ្នក​ចង់​ជួយជន​រួម​ជាតិ​របស់​អ្នកដែរ​​ឬទេ? តើ​អ្នក​ចង់​តប​ស្នង​សង​គុណ​ដល់​សង្គម​ជាតិ​កម្ពុជាដែលជាប្រទេស​កំណើត​របស់​អ្នក​ដែរ​​ឬ​ទេ? ប្រសិន​បើ​​អ្នក​ពិត​ជាចង់ជួយ​មែននោះ! អ្នកអាច​ជួយ​បាន គឺ​ជួយ​ចាប់​ពីឥឡូវនេះ​​តែ​ម្ដង។ សូម​កុំ​ភ្លេច​ចូលរួម​ជួយកម្ពុជា​ទាំងអស់​គ្នា​ណា “ជួយ​ថ្ងៃនេះ គឺដើម្បី​ស្នាម​ញញឹម​របស់​ពលរដ្ឋ​ក្រី​ក្រ​​លំបាក​នៅថ្ងៃ​ស្អែក និង​ភាព​រីក​ចម្រើន​នៃ​សង្គម​កម្ពុជានៅ​ថ្ងៃ​អនាគត” នេះហើយ​ជាហេតុ​ផលដែល​យើង​ចាំ​បាច់​ត្រូវ​ជួយ​កម្ពុជា៕

រក្សា​សិទ្ធិ​ដោយ ៖ គេហទំព័រយើងជួយកម្ពុជា / wehelpcambodia.org