កំពូលកីឡាការិនី ស្រួង​ ភាវី និងគោលដៅសកម្មភាពមនុស្សធម៌នៅកម្ពុជា

  • February 18th, 2023

កាលពីថ្ងៃអង្គារ៍ ទី២ ខែ​កុម្ភៈ ឆ្នាំ២០២៣ ថ្មីៗប៉ុន្មានថ្ងៃមុននេះ កំពូលកីឡាការិនីស្នុកឃ័រប៊ីយ៉ាការ៉ុម កម្ពុជាដ៏ល្បីល្បាញ ស្រួង ភាវី បានធ្វើឱ្យផ្អើលពិភពកីឡាស្នុកឃ័រប៊ីយ៉ាការ៉ុមសាជាថ្មីម្ដងទៀត ជាពិសេស​ក្នុងប្រទេស​កូរ៉េខាង​ត្បូងតែម្ដង បន្ទាប់ពីអ្នកនាងដណ្ដើមបានចំណាត់ថ្នាក់លេខ១ ​ឈ្នះអស់កីឡាករជើងខ្លាំងដទៃទៀត​ក្នុង​កម្មវិធីប្រកួតតាំង​ពីវគ្គ​ជម្រុះ​រហូត​ដល់វគ្គ​បញ្ចប់។ អ្នកនាង​មិនត្រឹមតែជាបុគ្គលដែលប្រកបដោយសមត្ថភាពទេពកោសល្យផ្នែក​កីឡាប្រភេទ​នេះទេ ថែមទាំងចូលចិត្ត​ធ្វើ​សកម្មភាព​មនុស្ស​ធម៌ប្រកប​ដោយ​ឆន្ទៈខ្ពស់ និងពោរពេញដោយសេចក្ដីស្នេហាជាតិ​ទៀតផង។

ដោយសង្កេតឃើញថា កំពូលកីឡាការិនីរូបនេះតែងចូលចិត្តធ្វើ​សកម្មភាពមនុស្សធម៌ ទាំងដោយប្រយោល និងចុះផ្ទាល់​ជាញឹកញាប់នៅប្រទេសកម្ពុជា ទើបបាន​ជា “គេហំព័រយើងជួយកម្ពុជា” បានសម្រេច​ធ្វើ​បទសម្ភាសន៍ខ្លី​មួយជាមួយអ្នកនាង ដើម្បីដឹងច្បាស់​បន្ថែមទៀត​ពីទឹកចិត្ត​ផ្នែក​មនុស្ស​ធម៌ ជាពិសេស​គោលដៅសកម្មភាព​មនុស្ស​ធម៌​របស់​អ្នកនាង​នៅកម្ពុជានាថ្ងៃ​អនាគត ថា​នឹង​មានគោលជំហរបែបណាខ្លះ។ ដូច្នេះ ដើម្បីបាន​ដឹងច្បាស់ ​សូម​បតាមដានបទសម្ភាសន៍ជា​មួយ​យើង​ខ្ញុំដូចទៅ ៖

“គេហទំព័រយើងជួយកម្ពុជា”តើអ្វី​ជាគម្រោង​ធំៗផ្នែក​មនុស្ស​ធម៌​របស់​អ្នក​នាង​ដែល​ចង់​ធ្វើ​ឡើង​នៅកម្ពុជា?

អ្នកនាង ស្រួង ភាវី ៖ “គម្រោងធំៗ​ផ្នែក​មនុស្ស​ធម៌​ដែល​នាង​ខ្ញុំ​នឹង​ធ្វើ​ឡើងមានដូច​ជា គម្រោង​លើ​វិស័យសុខាភិបាល កីឡា និង អប់រំសីលធម៌វិជ្ជាជីវ។ល។”

“គេហទំព័រយើងជួយកម្ពុជា”  ៖ តើ​ការងារ​មនុស្ស​ធម៌​របស់អ្នក​នាងភាគ​ច្រើនធ្វើ​​ឡើងចំពោះ​ពលរដ្ឋ​បែបណា​ខ្លះ?

អ្នកនាង ស្រួង ភាវី ៖ “ការងារ​មនុស្ស​ធម៌​របស់​នាង​ខ្ញុំភាគច្រើន ធ្វើ​ឡើង​ចំពោះក្មេងៗជាការ​ចាំបាច់ និងប្រជាពលរដ្ឋ​ទូទៅដែលមានជីវភាព​ខ្វះខាត ដោយសារតែ​គាត់​គ្មាន​ឱកាស…”

“គេហទំព័រយើងជួយកម្ពុជា” ៖ តើ​អ្នក​នាង​មាន​គោល​ជំហរ​បែបណាលើ​ការ​ងារ​ផ្នែក​មនុស្ស​ធម៌ចំពោះ​ពលរដ្ឋ និង​សង្គម​កម្ពុជា​នៅ​ថ្ងៃ​អនាគ? នឹង​បោះ​បង់ឈប់​ធ្វើ​ ឬ​បង្កើន​បន្ថែម​ទៀត? ព្រោះ​អ្វី?

អ្នកនាង ស្រួង ភាវី ៖ “ខ្ញុំ​មានគោល​ជំហរមិន​ងាករេលើ​កិច្ចការ​នេះទេ ហើយនឹង​បន្តរហូត​តទៅ​អនាគត មិនបោះ​បង់ឡើយ ហើយ​ផ្ទុយ​ទៅវិញមានតែពង្រីក​ឱ្យកាន់តែធំលើស​ដើម ព្រោះ​ជា​ក្ដី​សុបិន​របស់​ខ្ញុំ ចេញ​ការ​ស្រឡាញ់ ឆន្ទៈ មនសិការសេ្នហា​ជាតិ​របស់ខ្ញុំ និង​មនុស្ស​ជាតិ​ក្នុង​ពិភពលោក។ ច៎ា! សូមអរគុណ។”

កំពូលកីឡាការិនីស្នុកឃ័រប៊ីយ៉ាការ៉ុម កម្ពុជាដ៏ល្បីល្បាញ ស្រួង ភាវី 

នេះហើយជា​គោលដៅ និងគោលជំហរ​ផ្នែក​មនុស្ស​ធម៌របស់​កំពូលកីឡាការិនីស្នុកឃ័រប៊ីយ៉ាការ៉ុម ស្រួង ភាវី ដែលទឹកចិត្ត ក្ដីស្រឡាញ់ និងការ​តាំង​ចិត្ត​របស់​អ្នកនាងចំពោះប្រជាជន និងសង្គម​កម្ពុជា​ ពិតជា​គួរឱ្យស្ងើច​សរសើរ​ និងគួរ​យកជាគំរូ​ណាស់ ដែល​ជនជាតិកម្ពុជាដទៃៗទៀតដែល​មិនសូវ​យកចិត្ត​ទុក​ដាក់​នឹង​សកម្មភាពមនុស្ស​ធម៌បែបនេះ គួរតែ​នាំ​គ្នា​ធ្វើតាម​អ្នកនាង​ឱ្យបានគ្រប់ៗ​គ្នាតាម​លទ្ធភាព​ដែល​ខ្លួនអាច​ធ្វើ​ទៅបាន ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​ដែលជាជនរួមជាតិកម្ពុជាកំពុងជួប​ការ​ខ្វះខាត​ត្រូវ​ការ​ជំនួយ​ជាចាំបាច់ ​ក្នុងន័យដើម្បីបង្ហាញ​ពីសេចក្ដី​ស្នេហាជាតិរវាងគ្នា។ សូម​ចងចាំថា “មុននឹងជួយ​ដល់​ជាតិ​សាសន៍ដទៃ យើង​គប្បី​ជួយដល់​ជាតិ​សាសន៍របស់ខ្លួន​ឱ្យបាន​ច្រើនបំផុតជាមុនសិន” នោះ​ទើបមានឈ្មោះថា​ជាពលរដ្ឋដែល​​​ស្គាល់​ពី​គុណ​តម្លៃនៃ​​ជាតិកំណើត​របស់ខ្លួនពិតប្រាកដ។ សូម​អរគុណ៕

រក្សា​សិទ្ធិ​ដោយ ៖ គេហទំព័រយើងជួយកម្ពុជា / wehelpcambodia.org