តម្លៃនៃការបរិច្ចាគ

  • January 4th, 2019

​ការ​បរិច្ចាគ​ពិតជា​មាន​តម្លៃ​​ខ្លាំងណាស់ ទោះជា​ការបរិច្ចាគ​នោះ ជាការបរិច្ចាគ​បន្តិច​បន្តួច​ស្ដួច​ស្ដើង​​យ៉ាង​ណា​ក៏ដោយ សំខាន់ឱ្យតែ​ជា​​ការ​បរិច្ចាគដែល​កើត​​ចេញ​ពី​ចិត្តពោរពេញ​ដោយសេចក្ដីស្រឡាញ់ ​និងធ្វើ​​ឡើងដើម្បី​សេចក្ដី​សុខ​ប្រជា​​ពលរដ្ឋ​ និង​ភាព​រីក​ចម្រើន​នៃ​សង្គម​ជាតិ​របស់​ខ្លួនពិតប្រាកដ ដោយ​មិន​ទាមទារ​នូវ​ផល​តប​ស្នង​ត្រឡប់​មក​វិញ។

ពេលដែល​អ្នក​កំពុងតែ​អាន​​អត្ថបទមួយ​នេះ មានពលរដ្ឋ​កម្ពុជា​ក្រីក្រ​លំបាក​​ជា​ច្រើន​ដូចជា ក្មេងកំព្រា, ចាស់ជរា, ជនពិកា, ស្ត្រី, កុមារ និង​ជនគ្មាន​ទីជម្រកទាំងឡាយ កំពុង​ត្រូវ​​ការ​​ជំនួយ​ជាបន្ទាន់ អាចជា​ថវិកា, ចំណីអាហារ, សម្ភារៈ, ថ្នាំពេទ្យ ឬរបស់​អ្វីមួយ​ផ្សេង​​​ទៀត ដើម្បី​​ដោះ​ទ័ល​​ក្នុង​ជីវភាព​របស់​ខ្លួន​មួយគ្រា ដោយសារតែខ្លួន​​​ជួបប្រទះ​​​នូវ​គ្រោះ​វិបត្តិ​ធ្ងន់​ធ្ងរអ្វីមួយ​ ដូចជា ជួប​នូវ​​គ្រោះ​ធម្មជាតិ, គ្រោះ​អគ្គីភ័យ និង​គ្រោះ​ថ្នាក់ធ្ងន់​ធ្ងរមួយផ្សេង​ទៀត​ ដោយ​ក្នុង​នោះ អ្នក​ក៏​ជា​បុគ្គល​មួយរូប​​ដែលជា​ក្ដី​​សង្ឃឹម​របស់​គាត់​​ទាំង​ឡាយ​ ដែល​ពួកគាត់​រំពឹងថា​នឹង​ជួយ​ពួកគាត់ផងដែរ។

ការ​បរិច្ចាគ​​ជួយអ្នកដទៃ ជាពិសេស​​ជួយ​ពលរដ្ឋនិង​សង្គម​ជាតិរបស់​​​ខ្លួន មិនចាំបាច់​ទាល់​តែ​អ្នកជាមហាសេដ្ឋីដែល​​មាន​អ្វីៗ​គ្រប់​យ៉ាង​នោះឡើយ សំខាន់​​ឱ្យ​តែ​​​អ្នក​មានឆន្ទៈ​ពិតប្រាកដក្នុងការ​បរិច្ចាគទៅគឺ​​បាន​​ហើយ ព្រោះ​តម្លៃ​នៃ​ការបរិច្ចាគ គឺគេ​កំណត់​លើ​ទំហំទឹកចិត្ត មិន​មែន​កំណត់​លើ​ទំហំនៃ​ការ​បរិច្ចាគ​​នោះទេ បើ​​ទោះជា​ការ​​បរិច្ចាគ​របស់​អ្នក ​ជាការ​បរិច្ចាគ​​បន្តិច​បន្តួច​ក៏ដោយ ឱ្យតែ​កើត​ចេញ​ពីទឹកចិត្ត​និង​ក្ដីស្រឡាញ់ពិតប្រាកដ នោះ​វានឹង​មាន​តម្លៃ​​មិន​អាច​កាត់​ថ្លៃ​បាន​ឡើយ នេះ​ហើយ​ជា “​តម្លៃ​នៃ​ការ​បរិច្ចាគ” ដែល​យើង​​បង្ហាញ​ឱ្យ​អ្នក​បាន​ដឹង និង​ចូលរួមជួយ​បរិច្ចាគ​ចូល “មូលនិធិ​យើង​ជួយ​កម្ពុជា”​ ដោយ​បេះដូងទាំងអស់គ្នា ដើម្បី​ស្នាម​ញញឹម​​របស់​ពលរដ្ឋ​ក្រី​ក្រលំបាក​​នៅ​ថ្ងៃ​ស្អែក និង​ភាព​រីក​ចម្រើ​នៃ​សង្គម​កម្ពុជានៃ​យើង​នៅថ្ងៃអនាគត​។ ចូរចាំណា៎… “ការ​បរិច្ចាគ​បន្តិច​បន្តួច​របស់​អ្នក គឺ​ជាសេចក្ដី​សុខ​ដ៏ធំធេង​របស់អ្នក​ខ្វះខាត និង​មានតម្លៃ​ថ្លៃថ្លា​លើស​អ្វីៗ​ទាំងអស់” ។ សូមអរគុណ៕

រក្សា​សិទ្ធិ​ដោយ ៖ គេហទំព័រយើងជួយកម្ពុជា / wehelpcambodia.org