មិន​យូរនោះ​ទេ សៀវភៅ “ពលករខ្មែរនៅកូរ៉េខាងត្បូង” នឹងលេច​ចេញ​ជារូបរាងឡើងហើយ ដែល​ជា​ប្រភេទ​សៀវភៅណែនាំ​ពិសេស ​សម្រាប់អ្នក​ដែល​មានបំណងចង់​ឡើងទៅ​បំពេញ​ការងារ​នៅកូរ៉េខាងត្បូង, អ្នក​ដែលបានប្រឡង​ជាប់​ឈ្មោះកំពុង​ត្រៀម​​ខ្លួន​ឡើងទៅបំពេញ​ការងារ​នៅកូរ៉េខាងត្បូង ជាពិសេសសម្រាប់​បងប្អូន​ពលករខ្មែរ​ដែល​កំពុងតែ​បំពេញ​ការងារស្រប​ច្បាប់​គ្រប់​ផ្នែក​នានានៅកូរ៉េខាងត្បូង​តែម្ដង។ នេះ​គ្រាន់តែជាព័ត៌មាន​បឋម ដែល​ផ្សព្វ​ផ្សាយ​ឡើងដើម្បី​ឱ្យ​លោក​អ្នក​​បាន​ដឹង​ជាដំណឹងសិនប៉ុណ្ណោះ ដោយព័ត៌មាន​លម្អិតជុំវិញសៀវភៅ​នេះ “គេហទំព័រយើងជួយកម្ពុជា” យើង​ខ្ញុំនឹង​ផ្សាយ​​​​ឱ្យលោកអ្នក​ទាំងអស់​គ្នា​បាន​ដឹងនាពេល​ឆាប់ៗ​ដ៏ខ្លីខាង​មុខ​នេះ។​

តែ​ទោះ​ជាយ៉ាងនេះក្ដី យើងខ្ញុំសូម​បញ្ជាក់ថា សៀវភៅ​ដ៏មានសារៈ​សំខាន់នេះ គឺ​ជា​ស្នាដៃ​និពន្ធ​របស់ លោក គង់ រង្សី ជា​អ្នក​និពន្ធ​កម្ពុជាមួយរូប ​ដែលកំពុង​រស់​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ដោយ​​លោក​ខកខានចេញផ្សាយ​ស្នាដៃនិពន្ធជាច្រើនឆ្នាំមកហើយ ដោយសារតែជាប់​រវល់នឹង​ការ​មើល​ថែកូនស្រីរបស់​លោក​ដែល​​រស់​នៅកូរ៉េខាងត្បូងនោះ ទើបតែ​ពេល​នេះប៉ុណ្ណោះ ដែល​កូនស្រី​ជាទីស្រឡាញ់​របស់​លោករាង​ធំបន្តិច លែង​សូវ​លំបាក​ក្នុងការ​មើល​ថែ ជាហេតុធ្វើ​ឱ្យ​លោកមានពេលបន្តកិច្ចការ​ផ្នែក​និពន្ធ​នេះ​បន្តទៀត។

ដូច្នេះហើយ ប្រសិន​បើ​លោក​អ្នក​ចាប់​អារម្មណ៍​ចង់​ដឹង​ច្បាស់ថា តើ​សៀវភៅនេះនឹង​បោះពុម្ពចេញ​ផ្សាយ​ជាផ្លូវការនៅ​ពេលណា? ដាក់​លក់​ក្នុង​តម្លៃ​ប៉ុន្មាន? អាច​រក​ទិញបាន​ដោយវិធីណាខ្លះ? នៅ​កន្លែងណាខ្លះ? នរណា​ខ្លះដែល​គួរអាន? ខ្លឹមសារផ្ដោតសំខាន់​លើអ្វី? ​និពន្ធ​ឡើង​ក្នុង​គោល​បំណង​សំខាន់ៗ​អ្វី​ខ្លះនោះ? និង​មាន​អត្ថប្រយោជន៍​យ៉ាងណា​ខ្លះនោះ? លោក​អ្នក​អាច​រង់ចាំ​តាម​ដាន​ការ​ផ្សាយលម្អិតបន្តអំពីសៀវភៅនេះក្នុងពេល​ឆាប់ៗ​ខាង​មុខ​នេះ​បាន។ សូមអរគុណ៕​

រក្សាសិទ្ធិដោយ ៖ គេហទំព័រយើងជួយកម្ពុជា / cambowriter.com

កាល​ពីថ្ងៃ​អង្គារ៍​ ទី១៤​ ខែ​មីនា​ ​ឆ្នាំ​២០២៣​ ថ្មីៗនេះ វាគឺ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀតដ៏អស្ចារ្យ​ស្ទើរមិនគួរ​ឱ្យជឿ​​ សម្រាប់អ្នកនាង ស្រួង ភាវី ក៏ដូចជា​ប្រជាជាតិ​កម្ពុជា​ទាំងមូល ដែល​កំពូល​កីឡាការិនីស្នុកឃ័រប៊ីយ៉ាការ៉ុមរូបនេះ អាច​ដណ្ដើមបានពានរង្វាន់កីឡាការិនីឆ្នើមប្រចាំឆ្នាំ២០២៣នៅកូរ៉េខាងត្បូងដល់ទៅបួនពានម្នាក់​ឯងដ៏មហាអស្ចារ្យ ដែល​កម្រនឹងមានកីឡាការិនីអាចអាចសម្រេច​បានណាស់​សូម្បីតែកីឡាការិនីកូរ៉េខាងត្បូង​ដែល​ជាម្ចាស់​ទឹកដីផ្ទាល់។

អ្នក​នាង ស្រួង ភាវី ដែល​ទទួល​បាន​ពានរង្វាន់បួនម្នាក់ឯងដ៏ថ្លៃថ្លានេះ បានសម្ដែង​នូវអារម្មណ៍​ផ្ទាល់ខ្លួនថា   ​ ​“ថ្ងៃ​នេះ​ខ្ញុំ​ពិត​ជា​រំភើប​ និង​មាន​មោទកភាព​ខ្លាំង​ណាស់​ ដោយ​បាន​ទទួល​ពាន​រង្វាន់​PBA សម្រាប់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​២០២៣​ ចំនួន​៤ពាន​ម្នាក់​ឯង​ ដោយក្នុង​ចំណោម​កីឡាករ​ឆ្នើម​ទាំង​អស់​ពួក​គាត់​ទទួល​បាន​ត្រឹម​ម្នាក់​១ប៉ុណ្ណោះ។” អ្នកនាងបានបន្ថែមទៀតថា “នាងខ្ញុំ​រំភើប​ពេក​ស្ទើរ​តែ​រក​ពាក្យ​អ្វីមក​និយាយ​មិន​ចេញ​ តែ​អ្វី​ដែល​ខ្ញុំ​នឹក​ឃើញ​មុន​គេ​ នេះ​គឺ​ជា​កិត្តិយស​សម្រាប់​ប្រជាជាតិ​កម្ពុជារបស់​នាងខ្ញុំ​ ព្រោះ​ ស្រួង​ ភាវី​ ម្នាក់​នេះ​មក​ពី​ប្រទេស​កម្ពុជា​ គឺ​ជា​មាតុភូមិ​ដ៏​ល្អ​ផូរផង់​របស់នាង​ខ្ញុំ​។” អ្នក​នាងបាន​សម្ដែង​ការ​តាំងចិត្ត​ថា “តទៅ​ទៀត​ កូន​ស្រី​កម្ពុជា​ម្នាក់​នេះ​ នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​អ្វីៗ​ឱ្យ​កាន់តែ​អស្ចារ្យ​ និងព្យាយាម​នាំ​យក​នូវ​កិត្តិយស​ដ៏​បវរ​សម្រាប់​ជាតិ​មាតុភូមិកម្ពុជា​ ក៏ដូចជាពុក​ម៉ែ​បង​ប្អូន​យើង​ដែល​តែងតែ​គាំទ្រ​ និង​លើក​ទឹក​ចិត្ត​ដល់​រូប​នាង​ខ្ញុំរហូត​​មក​។ នាងខ្ញុំសូម​គោរព​ជូនពរ​ដល់ជន​រួម​ជាតិកម្ពុជា​ទាំង​អស់​គ្នាឱ្យជួប​ប្រទះ​តែ​សេចក្ដី​សុខ​រហូត​តទៅ…​ សូម​អរគុណ​!”

ខាង​លើ​ជាបទសម្ភាសន៍ខ្លីមួយដែល​ “គេហទំព័រ​យើង​ជួយ​កម្ពុជា” បានធ្វើជាមួយ​កំពូលកីឡាការិនីស្នុកឃ័រប៊ីយ៉ាការ៉ុម ស្រួង ភាវី មក​ផ្សាយ​ជូន​ឱ្យ​បងប្អូន​ជនរួមជាតិទាំងអស់បានដឹង ដើម្បី​ចូលរួម​អបអរនូវជ័យជម្នះ​ដ៏ប្រសើរ​ថ្លៃ​ថ្លានេះ​ទាំងអស់គ្នា។

កំពូលកីឡាការិនី ស្រួង ភាវី និងពានរង្វាន់ទាំង៤ដែលទទួលបាន

​យើង​ខ្ញុំរំលឹក​ផងដែរថា ក្រៅពីជាកីឡាការិនីដ៏​ឆ្នើម​មួយ​រូប​ អ្នក​នាង ស្រួង ភាវី ក៏ជា​បុគ្គល​មួយរូបដែលប្រកបដោយ​ចិត្ត​សម្បុរសផងដែរ ដែល​កន្លង​មក​អ្នកនាង​បាន​ធ្វើ​សកម្មភាព​មនុស្ស​ធម៌ជា​ច្រើនចំពោះពលរដ្ឋ​ក្រីក្រកម្ពុជា ដែល​ជាជនរួមជាតិខ្លួន និងនៅតែកំពុងតែ​បន្តសកម្មភាព​មនុស្ស​ធម៌​បែប​នេះ​បន្តទៀតផងដែរ ដោយ​មិន​បោះ​បង់ឡើយ ផ្ទុយទៅវិញមានតែ​ខិតខំប្រឹង​ប្រែងធ្វើ​គ្រប់​យ៉ាង​បន្ថែមទៀត ដើម្បី​ជួយ​ដល់ពលរដ្ឋ​ និងសង្គម​កម្ពុជាដែលជាប្រទេស​កំណើតរបស់ខ្លួន​ឱ្យបាន​ច្រើន​បំផុត​ ដែលការតាំងចិត្ត​និង​សកម្មភាព​មនុស្ស​ធម៌​របស់អ្នក​នាង ពិតជា​គួរឱ្យស្ងើច​សរសើរ​ និង​យកជាគំរូ​ខ្លាំងណាស់។ ក្នុង​ឱកាសនេះ “គេហទំព័រយើង​ជួយ​កម្ពុជា” សូម​ចូលរួម​សម្ដែង​នូវ​ការ​ត្រេកអរជាមួយ​ជ័យជម្នះ​របស់នាង និង​សូមជូនពរ​ឱ្យអ្នកនាងកាន់តែ​ទទួលបានជោគជ័យ​លើ​វិស័យកីឡា​ប្រភេទនេះឱ្យកាន់តែ​អស្ចារ្យបន្ថែមទៀត ដើម្បី​លើក​កម្ពស់មុខ​មាត់​ប្រទេស​កម្ពុជា​ឱ្យកាន់តែ​ខ្ពស់​ត្រដែត​ឡើង​លើ​ឆាក​អន្តរជាតិ។ សូម​អរគុណ៕

រក្សា​សិទ្ធិ​ដោយ ៖ គេហទំព័រយើងជួយកម្ពុជា / wehelpcambodia.org

ថ្មីៗនេះ លោក ណាំ​ លឹមហៀង  ដែលជាពលករខ្មែរមួយរូបកំពុង​បំពេញ​ការងារ​នៅកូរ៉េខាងត្បូង និងជាគ្រូបង្រៀនភាសាកូរ៉េតាម​អនឡាយមួយរូប ទើបតែបាន​ចេញ​ផ្សាយ​សៀវភៅ​រៀបរៀងស្នាដៃទី២​របស់លោក ដែលជាសៀវភៅ​មានអត្ថប្រយោជន៍​យ៉ាង​ខ្លាំង សម្រាប់អ្នក​ដែល​មានបំណង​កាន់តែ​ចង់​ចេះភាសាកូរ៉េច្បាស់ ជាពិសេសអ្នក​ដែល​ចង់​ផ្លាស់​បប្ដូរ​វីសា​ និង​ចូល​សញ្ជាតិ​កូរ៉េឱ្យទទួល​បាន​ជោគជ័យ។ ដោយ​មើល​ឃើញពីគុណ​តម្លៃ​នៃ​សៀវភៅ​នេះហើយ ទើប​បានជា​ “គេហទំព័រយើង​ជួយ​កម្ពុជា” ដែលជា​គេហទំព័រ​បង្កើត​ឡើង​ដើម្បី​ផ្សព្វផ្សាយ​ជាការងារ​មនុស្ស​ធម៌ ក៏ដូចជាបណ្ដាល​បុគ្គល​ទាំង​ឡាយដែល​បានបង្កើត​កម្មវិធី ឬស្នាដៃ​ទាំង​ឡាយណា​ក្នុងន័យដើម្បី​ជួយ​ដល់​អ្នក​ដទៃ ដែលជា​សកម្មភាព​ដ៏​គាប់​ប្រសើរ​មួយ និង​ត្រូវ​តាមគោលការ​ក្នុងការ​ផ្សាយ​របស់​គេហទំព័រថ្មីនេះ។ ដូច​នេះ ដើម្បីបានដឹងច្បាស់ថា តើ​សៀវភៅ​ទី​២របស់​លោក ណាំ​ លឹមហៀង  មានលក្ខណៈ​យ៉ាងណា​ខ្លះនោះ សូមតាមដាន​បទសម្ភាសដែ​ល​គេហទំព័រ​យើង​ខ្ញុំ​បានធ្វើ​ចំពោះ​លោក​ ដូច​​តទៅ ៖​

គេហទំព័រយើងជួយកម្ពុជា ៖ តើសៀវភៅស្នាដៃទី២របស់លោកមានចំណងជើងដូចម្ដេច? ប្រើរយៈពេល​ប៉ុន្មានក្នុងការរៀបរៀងទម្រាំអាចបោះពុម្ពផ្សាយចេញ​បាន?

លោក ណាំ​ លឹមហៀង ៖ ជាដំបូង សូមជម្រាបសួរដល់​ក្រុម​ការងារ​ទាំងអស់​របស់ “គេហទំព័រយើងជួយកម្ពុជា” និងសូមអគុណជាអនេកដែលគេហទំព័រយើងជួយកម្ពុជា​បាន​ចំណាយពេលដ៏មានតម្លៃសម្ភាសន៍​ក៏ដូចជា​ជួយផ្សព្វ​ផ្សាយ​ពីសៀវភៅ​របស់ខ្ញុំ​បាទ។ ចំពោះសៀវភៅស្នាដៃទីពីររបស់ខាងយើងខ្ញុំនេះមានចំណងជើងថា “សៀវភៅពាក្យ និងមេរៀនសង្ខេបប្រលងចូលសញ្ជាតិកូរ៉េ” ។ សៀវភៅនេះ ខ្ញុំនិងក្រុមការងារបានរៀបរៀងរយះពេលមួយ​ឆ្នាំ ទើបអាចសម្រេចបានចេញបោះពុម្ភផ្សាយ។

គេហទំព័រយើងជួយកម្ពុជា ៖ តើខ្លឹមសារសំខាន់នៃសៀវភៅនេះនិយាយពីអ្វី? នរណាខ្លះដែលគួរអានសៀវភៅនេះខ្លាំងជាងគេ?

លោក ណាំ​ លឹមហៀង ៖ ចំពោះសៀវភៅទីពីរនេះ ខ្ញុំជាមួយនិងក្រុមការងារបានដកស្រង់មេរៀនពីសៀវភៅជាច្រើនដែលទាក់ទងទៅនឹងមេរៀនសម្រាប់ប្រលងបញ្ចប់កម្រិតទី៥ នៃវគ្គភាសាកូរ៉េមួយឈ្មោះ កម្មវិធីសិក្សាសង្គម (사회통합 프로그램) ដែលពន្យល់លម្អិតអំពីសង្គម សេដ្ឋកិច្ច វប្បធម៌ ច្បាប់ នយោបាយ សង្គម ភូមិសាស្រ្ត ប្រវត្តិសាស្ត្រ និងសណ្តាប់ធ្នាប់​នៃការរស់នៅរបស់ប្រទេសកូរ៉េ អមជាមួយវិញ្ញាសារត្រៀមប្រលងចូលសិក្សា និងប្រលងបញ្ចប់។

គេហទំព័រយើងជួយកម្ពុជា ៖ អ្វី​ជាកត្តាជំរុញឱ្យលោករៀបរៀងសៀវភៅមួយក្បាលនេះឡើង?

លោក ណាំ​ លឹមហៀង ៖ កត្តាដែលជំរុញឲ្យខ្ញុំនិងក្រុមការងាររៀបរៀងសៀវភៅនេះ គឺដោយឃើញមានបងប្អូនកាន់វីសារពលករធម្មតា E-9 ព្យាយាមសិក្សាភាសាកូរ៉េដើម្បីប្តូរយកវីសារ E-7-4 និងបងប្អូនដែលត្រៀមចង់ប្តូរទៅកាន់វីសារ E-9B ដែលអាចរស់នៅប្រទេសកូរ៉េបាន១០ឆ្នាំដែលរដ្ឋកូរ៉េកំពុងព្រាង និងបងប្អូនស្ត្រីដែលមានគ្រួសារជាជនជាតិកូរ៉េសិក្សាប្រលងដើម្បីចូលសញ្ជាតិកូរ៉េ តែជួបផលវិបាកចំពោះការប្រលងបញ្ចប់ និងមិនសូវយល់អំពីមេរៀនសង្គមកូរ៉េទាំងអស់នេះ ធ្វើឲ្យពួកគាត់ប្រលងធ្លាក់ ឬសម្ភាសន៍ធ្លាក់ជាច្រើនដង ដែលនាំឲ្យពួកគាត់ខាតបង់ថរិកាពេលវេលា និងបងប្អូនមួយចំនួនបាត់បង់ឪកាសក្នុងការប្តូរវីសារ។​

គេហទំព័រយើងជួយកម្ពុជា ៖ តើលោកគិតថាសៀវភៅមួយក្បាលនេះ នឹងជួយដល់អ្នកអានបានយ៉ាងណាខ្លះ?

លោក ណាំ​ លឹមហៀង ៖ ជាទស្សនៈវិស័យនិងការជឿជាក់សៀវភៅនេះនឹងជួយដល់បងប្អូនដែលបានអានឲ្យយល់អំពីមេរៀនសង្ខេបសំខាន់ៗអំពីសង្គម សេដ្ឋកិច្ច វប្បធម៌ ច្បាប់ នយោបាយ សង្គម ភូមិសាស្រ្ត ប្រវត្តិសាស្ត្រ និងសណ្តាប់ធ្នាប់នៃការរស់នៅរបស់ប្រទេសកូរ៉េ ជាពិសេសពួកគាត់អាចរៀនធ្វើវិញ្ញាសារត្រៀមប្រលងចូលសិក្សាយកកម្រិតខ្ពស់ និងរៀនធ្វើវិញ្ញាសារប្រលងបញ្ចប់ដើម្បីឲ្យដឹងអំពីវិញ្ញាសារនិងងាយស្រួលដោះស្រាយលំហាត់ទាំងនោះនូវពេលប្រលងផ្ទាល់។

លោក ណាំ លឹមហៀង និងសៀវភៅស្នាដៃទី១ និងទី២ របស់លោក

គេហទំព័រយើងជួយកម្ពុជា ៖ តើលោកមានគម្រោងចេញផ្សាយ​សៀវភៅថ្មីទៀតឬទេ? បើមានជាសៀវភៅប្រភេទអ្វី? និងត្រៀមចេញផ្សាយក្នុងពេលណា?

លោក ណាំ​ លឹមហៀង ៖ ខ្ញុំនិងក្រុមការងារមានគម្រោងចេញផ្សាយនូវសៀវភៅថ្មីៗទៀត មានដូចជាសៀវភៅសន្ទនា និងសៀវភៅគន្លឹះនៃការដោះស្រាយលំហាត់ ដែលគ្រោងនឹងចេញផ្សាយ​នៅចុងឆ្នាំ ២០២៣នេះឯង។

គេហទំព័រយើងជួយកម្ពុជា ៖ អ្វីជាមតិចុងក្រោយរបស់លោកមុននឹងបិទបញ្ចប់បទសម្ភាសន៍ជាមួយគេហទំព័រយើងជួយកម្ពុជា” នៅពេលនេះ? សូមគោរពអញ្ជើញ!

លោក ណាំ​ លឹមហៀង ៖ ជាចុងក្រោយ ខ្ញុំនិងក្រុមការងារសូមអគុណដល់ក្រុម​ការងារគេហទំព័រយើងជួយកម្ពុជាម្តងទៀត ដែលបាន​ចំណាយពេលដ៏មានតម្លៃជួយសម្ភាសន៍និងផ្សព្វ​ផ្សាយពីសៀវភៅខាងយើងខ្ញុំ។ និងសូមថ្លែងអំណរអគុណដល់បងប្អូនជនរួមជាតិទាំងអស់ ដែលបានគាំទ្រស្នាដៃខាងយើងខ្ញុំ ទោះបីមិនទាន់ល្អណាស់ណា តែខាងយើងខ្ញុំនឹងព្យាយាមកែសម្រួលសិក្សា និងអភិវឌ្ឍន៍បន្ថែមដើម្បីចូលរួមជាចំណែកមួយក្នុងការជួយជំរុញបងប្អូនឲ្យដល់គោលដៅដែលបងប្អូនប៉ងប្រាថ្នា។ យើងខ្ញុំរង់ចាំទទួលមតិរិះគន់ក្នុងន័យស្ថាបនាពីសំណាក់បងប្អូនទាំងអស់គ្នាផងដែរ។ សូមអគុណ!​

លោក ណាំ លឹមហៀង និងភរិយា

ប្រសិនបើ​បងប្អូន​ចង់​ជាវសៀវភៅទាំង​ទី១និងទី២​របស់​លោក ណាំ លឹមហៀង យកទៅ​អាន លោកអ្នក​អាច​រកទិញ​បានតាមអនឡាញ ដោយឆាតទៅកាន់​ផេករបស់លោកផ្ទាល់ឈ្មោះ KH Korean School https://www.facebook.com/search/top?q=kh%20korean%20school  សម្រាប់នៅប្រទេសកូរ៉េ និងនៅប្រទេសកម្ពុជា អាចឆាតទៅផេកឈ្មោះ KH Korean Bookstore https://www.facebook.com/KH-Korean-Bookstore-107884637749317/  បាន។  លោក ណាំ លឹមហៀង ក្រៅពីជាម្ចាស់​ស្នាដៃសៀវភៅដែល​បានរៀបរាប់​ខាង​លើ​ និងជាគ្រូបង្រៀនភាសាកូរ៉េតាមអនឡាញក្រៅម៉ោងហើយ លោកគឺជាពលករ​ខ្មែរ​ស្រប​ច្បាប់​មួយរូប ​កំពុងបំពេញ​ការងារនៅ​ប្រទេសកូរ៉េខាងត្បូង។ លោក​បានរៀបការនៅថ្ងៃទី២៨ ខែវិឆ្ឆិការ ឆ្នាំ២០២១ ជាមួយភរិយាឈ្មោះ អយ សុដានី នៅទីក្រុងអ៊ីនឆន ប្រទេសកូរ៉េខាងត្បូង។ សូមអរគុណ៕

រក្សាសិទ្ធិដោយ ៖ គេហទំព័រយើងជួយ​កម្ពុជា /  wehlpcambodia.org  

កាលពីថ្ងៃអង្គារ៍ ទី២ ខែ​កុម្ភៈ ឆ្នាំ២០២៣ ថ្មីៗប៉ុន្មានថ្ងៃមុននេះ កំពូលកីឡាការិនីស្នុកឃ័រប៊ីយ៉ាការ៉ុម កម្ពុជាដ៏ល្បីល្បាញ ស្រួង ភាវី បានធ្វើឱ្យផ្អើលពិភពកីឡាស្នុកឃ័រប៊ីយ៉ាការ៉ុមសាជាថ្មីម្ដងទៀត ជាពិសេស​ក្នុងប្រទេស​កូរ៉េខាង​ត្បូងតែម្ដង បន្ទាប់ពីអ្នកនាងដណ្ដើមបានចំណាត់ថ្នាក់លេខ១ ​ឈ្នះអស់កីឡាករជើងខ្លាំងដទៃទៀត​ក្នុង​កម្មវិធីប្រកួតតាំង​ពីវគ្គ​ជម្រុះ​រហូត​ដល់វគ្គ​បញ្ចប់។ អ្នកនាង​មិនត្រឹមតែជាបុគ្គលដែលប្រកបដោយសមត្ថភាពទេពកោសល្យផ្នែក​កីឡាប្រភេទ​នេះទេ ថែមទាំងចូលចិត្ត​ធ្វើ​សកម្មភាព​មនុស្ស​ធម៌ប្រកប​ដោយ​ឆន្ទៈខ្ពស់ និងពោរពេញដោយសេចក្ដីស្នេហាជាតិ​ទៀតផង។

ដោយសង្កេតឃើញថា កំពូលកីឡាការិនីរូបនេះតែងចូលចិត្តធ្វើ​សកម្មភាពមនុស្សធម៌ ទាំងដោយប្រយោល និងចុះផ្ទាល់​ជាញឹកញាប់នៅប្រទេសកម្ពុជា ទើបបាន​ជា “គេហំព័រយើងជួយកម្ពុជា” បានសម្រេច​ធ្វើ​បទសម្ភាសន៍ខ្លី​មួយជាមួយអ្នកនាង ដើម្បីដឹងច្បាស់​បន្ថែមទៀត​ពីទឹកចិត្ត​ផ្នែក​មនុស្ស​ធម៌ ជាពិសេស​គោលដៅសកម្មភាព​មនុស្ស​ធម៌​របស់​អ្នកនាង​នៅកម្ពុជានាថ្ងៃ​អនាគត ថា​នឹង​មានគោលជំហរបែបណាខ្លះ។ ដូច្នេះ ដើម្បីបាន​ដឹងច្បាស់ ​សូម​បតាមដានបទសម្ភាសន៍ជា​មួយ​យើង​ខ្ញុំដូចទៅ ៖

“គេហទំព័រយើងជួយកម្ពុជា”តើអ្វី​ជាគម្រោង​ធំៗផ្នែក​មនុស្ស​ធម៌​របស់​អ្នក​នាង​ដែល​ចង់​ធ្វើ​ឡើង​នៅកម្ពុជា?

អ្នកនាង ស្រួង ភាវី ៖ “គម្រោងធំៗ​ផ្នែក​មនុស្ស​ធម៌​ដែល​នាង​ខ្ញុំ​នឹង​ធ្វើ​ឡើងមានដូច​ជា គម្រោង​លើ​វិស័យសុខាភិបាល កីឡា និង អប់រំសីលធម៌វិជ្ជាជីវ។ល។”

“គេហទំព័រយើងជួយកម្ពុជា”  ៖ តើ​ការងារ​មនុស្ស​ធម៌​របស់អ្នក​នាងភាគ​ច្រើនធ្វើ​​ឡើងចំពោះ​ពលរដ្ឋ​បែបណា​ខ្លះ?

អ្នកនាង ស្រួង ភាវី ៖ “ការងារ​មនុស្ស​ធម៌​របស់​នាង​ខ្ញុំភាគច្រើន ធ្វើ​ឡើង​ចំពោះក្មេងៗជាការ​ចាំបាច់ និងប្រជាពលរដ្ឋ​ទូទៅដែលមានជីវភាព​ខ្វះខាត ដោយសារតែ​គាត់​គ្មាន​ឱកាស…”

“គេហទំព័រយើងជួយកម្ពុជា” ៖ តើ​អ្នក​នាង​មាន​គោល​ជំហរ​បែបណាលើ​ការ​ងារ​ផ្នែក​មនុស្ស​ធម៌ចំពោះ​ពលរដ្ឋ និង​សង្គម​កម្ពុជា​នៅ​ថ្ងៃ​អនាគ? នឹង​បោះ​បង់ឈប់​ធ្វើ​ ឬ​បង្កើន​បន្ថែម​ទៀត? ព្រោះ​អ្វី?

អ្នកនាង ស្រួង ភាវី ៖ “ខ្ញុំ​មានគោល​ជំហរមិន​ងាករេលើ​កិច្ចការ​នេះទេ ហើយនឹង​បន្តរហូត​តទៅ​អនាគត មិនបោះ​បង់ឡើយ ហើយ​ផ្ទុយ​ទៅវិញមានតែពង្រីក​ឱ្យកាន់តែធំលើស​ដើម ព្រោះ​ជា​ក្ដី​សុបិន​របស់​ខ្ញុំ ចេញ​ការ​ស្រឡាញ់ ឆន្ទៈ មនសិការសេ្នហា​ជាតិ​របស់ខ្ញុំ និង​មនុស្ស​ជាតិ​ក្នុង​ពិភពលោក។ ច៎ា! សូមអរគុណ។”

កំពូលកីឡាការិនីស្នុកឃ័រប៊ីយ៉ាការ៉ុម កម្ពុជាដ៏ល្បីល្បាញ ស្រួង ភាវី 

នេះហើយជា​គោលដៅ និងគោលជំហរ​ផ្នែក​មនុស្ស​ធម៌របស់​កំពូលកីឡាការិនីស្នុកឃ័រប៊ីយ៉ាការ៉ុម ស្រួង ភាវី ដែលទឹកចិត្ត ក្ដីស្រឡាញ់ និងការ​តាំង​ចិត្ត​របស់​អ្នកនាងចំពោះប្រជាជន និងសង្គម​កម្ពុជា​ ពិតជា​គួរឱ្យស្ងើច​សរសើរ​ និងគួរ​យកជាគំរូ​ណាស់ ដែល​ជនជាតិកម្ពុជាដទៃៗទៀតដែល​មិនសូវ​យកចិត្ត​ទុក​ដាក់​នឹង​សកម្មភាពមនុស្ស​ធម៌បែបនេះ គួរតែ​នាំ​គ្នា​ធ្វើតាម​អ្នកនាង​ឱ្យបានគ្រប់ៗ​គ្នាតាម​លទ្ធភាព​ដែល​ខ្លួនអាច​ធ្វើ​ទៅបាន ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​ដែលជាជនរួមជាតិកម្ពុជាកំពុងជួប​ការ​ខ្វះខាត​ត្រូវ​ការ​ជំនួយ​ជាចាំបាច់ ​ក្នុងន័យដើម្បីបង្ហាញ​ពីសេចក្ដី​ស្នេហាជាតិរវាងគ្នា។ សូម​ចងចាំថា “មុននឹងជួយ​ដល់​ជាតិ​សាសន៍ដទៃ យើង​គប្បី​ជួយដល់​ជាតិ​សាសន៍របស់ខ្លួន​ឱ្យបាន​ច្រើនបំផុតជាមុនសិន” នោះ​ទើបមានឈ្មោះថា​ជាពលរដ្ឋដែល​​​ស្គាល់​ពី​គុណ​តម្លៃនៃ​​ជាតិកំណើត​របស់ខ្លួនពិតប្រាកដ។ សូម​អរគុណ៕

រក្សា​សិទ្ធិ​ដោយ ៖ គេហទំព័រយើងជួយកម្ពុជា / wehelpcambodia.org

​ការ​បរិច្ចាគ​ពិតជា​មាន​តម្លៃ​​ខ្លាំងណាស់ ទោះជា​ការបរិច្ចាគ​នោះ ជាការបរិច្ចាគ​បន្តិច​បន្តួច​ស្ដួច​ស្ដើង​​យ៉ាង​ណា​ក៏ដោយ សំខាន់ឱ្យតែ​ជា​​ការ​បរិច្ចាគដែល​កើត​​ចេញ​ពី​ចិត្តពោរពេញ​ដោយសេចក្ដីស្រឡាញ់ ​និងធ្វើ​​ឡើងដើម្បី​សេចក្ដី​សុខ​ប្រជា​​ពលរដ្ឋ​ និង​ភាព​រីក​ចម្រើន​នៃ​សង្គម​ជាតិ​របស់​ខ្លួនពិតប្រាកដ ដោយ​មិន​ទាមទារ​នូវ​ផល​តប​ស្នង​ត្រឡប់​មក​វិញ។

ពេលដែល​អ្នក​កំពុងតែ​អាន​​អត្ថបទមួយ​នេះ មានពលរដ្ឋ​កម្ពុជា​ក្រីក្រ​លំបាក​​ជា​ច្រើន​ដូចជា ក្មេងកំព្រា, ចាស់ជរា, ជនពិកា, ស្ត្រី, កុមារ និង​ជនគ្មាន​ទីជម្រកទាំងឡាយ កំពុង​ត្រូវ​​ការ​​ជំនួយ​ជាបន្ទាន់ អាចជា​ថវិកា, ចំណីអាហារ, សម្ភារៈ, ថ្នាំពេទ្យ ឬរបស់​អ្វីមួយ​ផ្សេង​​​ទៀត ដើម្បី​​ដោះ​ទ័ល​​ក្នុង​ជីវភាព​របស់​ខ្លួន​មួយគ្រា ដោយសារតែខ្លួន​​​ជួបប្រទះ​​​នូវ​គ្រោះ​វិបត្តិ​ធ្ងន់​ធ្ងរអ្វីមួយ​ ដូចជា ជួប​នូវ​​គ្រោះ​ធម្មជាតិ, គ្រោះ​អគ្គីភ័យ និង​គ្រោះ​ថ្នាក់ធ្ងន់​ធ្ងរមួយផ្សេង​ទៀត​ ដោយ​ក្នុង​នោះ អ្នក​ក៏​ជា​បុគ្គល​មួយរូប​​ដែលជា​ក្ដី​​សង្ឃឹម​របស់​គាត់​​ទាំង​ឡាយ​ ដែល​ពួកគាត់​រំពឹងថា​នឹង​ជួយ​ពួកគាត់ផងដែរ។

ការ​បរិច្ចាគ​​ជួយអ្នកដទៃ ជាពិសេស​​ជួយ​ពលរដ្ឋនិង​សង្គម​ជាតិរបស់​​​ខ្លួន មិនចាំបាច់​ទាល់​តែ​អ្នកជាមហាសេដ្ឋីដែល​​មាន​អ្វីៗ​គ្រប់​យ៉ាង​នោះឡើយ សំខាន់​​ឱ្យ​តែ​​​អ្នក​មានឆន្ទៈ​ពិតប្រាកដក្នុងការ​បរិច្ចាគទៅគឺ​​បាន​​ហើយ ព្រោះ​តម្លៃ​នៃ​ការបរិច្ចាគ គឺគេ​កំណត់​លើ​ទំហំទឹកចិត្ត មិន​មែន​កំណត់​លើ​ទំហំនៃ​ការ​បរិច្ចាគ​​នោះទេ បើ​​ទោះជា​ការ​​បរិច្ចាគ​របស់​អ្នក ​ជាការ​បរិច្ចាគ​​បន្តិច​បន្តួច​ក៏ដោយ ឱ្យតែ​កើត​ចេញ​ពីទឹកចិត្ត​និង​ក្ដីស្រឡាញ់ពិតប្រាកដ នោះ​វានឹង​មាន​តម្លៃ​​មិន​អាច​កាត់​ថ្លៃ​បាន​ឡើយ នេះ​ហើយ​ជា “​តម្លៃ​នៃ​ការ​បរិច្ចាគ” ដែល​យើង​​បង្ហាញ​ឱ្យ​អ្នក​បាន​ដឹង និង​ចូលរួមជួយ​បរិច្ចាគ​ចូល “មូលនិធិ​យើង​ជួយ​កម្ពុជា”​ ដោយ​បេះដូងទាំងអស់គ្នា ដើម្បី​ស្នាម​ញញឹម​​របស់​ពលរដ្ឋ​ក្រី​ក្រលំបាក​​នៅ​ថ្ងៃ​ស្អែក និង​ភាព​រីក​ចម្រើ​នៃ​សង្គម​កម្ពុជានៃ​យើង​នៅថ្ងៃអនាគត​។ ចូរចាំណា៎… “ការ​បរិច្ចាគ​បន្តិច​បន្តួច​របស់​អ្នក គឺ​ជាសេចក្ដី​សុខ​ដ៏ធំធេង​របស់អ្នក​ខ្វះខាត និង​មានតម្លៃ​ថ្លៃថ្លា​លើស​អ្វីៗ​ទាំងអស់” ។ សូមអរគុណ៕

រក្សា​សិទ្ធិ​ដោយ ៖ គេហទំព័រយើងជួយកម្ពុជា / wehelpcambodia.org

ប្រទេស​កម្ពុជាជាប្រទេស​កំណើត​នៃយើងទាំងអស់គ្នា ជាប្រទេសតែមួយគត់ដែលយើង​ចាំបាច់​ត្រូវ​តែគិត​ដំបូង​គេ​ និង​ជួយ​ឱ្យបាន​ច្រើនបំផុត​តាម​លទ្ធភាពដែលអាច​ធ្វើ​ទៅបាន ដើម្បីសេចក្ដីសុខប្រជាពលរដ្ឋ និងភាពរីកចម្រើននៃសង្គមជាតិ​យើង​។

ហេតុ​នេះ​ ហេតុអ្វី​បាន​ជាយើង​ត្រូវ​ជួយកម្ពុជា?” នេះក៏ព្រោះថា​​ជា​កាតព្វ​​កិច្ច​របស់​យើង​ទាំង​អស់​គ្នា​ដែល​ត្រូវ​បំពេញ​ ដើម្បី​តបស្នង​សងគុណ​ដល់​សង្គម​ជាតិខ្លួន​នោះ​ឯង ប្រៀប​ដូច​ទស្សនៈ​មួយ​បាន​លើក​ឡើង​ថា “នៅពេល​ដែល​យើង​ចាប់​កំណើត​នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​ណាមួយ មាន​ន័យថា យើងបាន​ជំពាក់​គុណ​ទឹក​ដី​ប្រទេស​នោះ​រួច​ទៅហើយ បើទោះជា​ប្រទេស​​នោះ​មិន​បាន​ជួយ​អ្វី​ដល់​យើង​ពេលដែល​យើង​កើត​នោះ​​ក៏ដោយ”

ដោយ​យោង​លើ​ហេតុ​ផល​ខាង​លើ​នេះ​ហើយ ទើប​បាន​ជា​ចាំ​បាច់ត្រូវតែ​​បង្កើត​ឱ្យមានជា “មូលនិធិ​យើង​ជួយ​កម្ពុជា” នេះ​ឡើង គឺ​ដើម្បី​​ឱ្យបងប្អូន​កម្ពុជា​​ដែល​ប្រកបដោយចិត្ត​សប្បុរសទាំង​ឡាយ​ មាន​មូលនិធិ​សប្បុរស​ធម៌​ដ៏​ល្អ​មួយ សម្រាប់ឱ្យ​ខ្លួន​បរិច្ចាគយកទៅ​ជួយដល់​ពលរដ្ឋក្រីក្រ​លំបាក​ដែលជាជនរួមជាតិរបស់ខ្លួន ​និងចូលរួម​ចំណែក​ជួយ​អភិវឌ្ឍ​​សង្គម​ជាតិ​កម្ពុជាដែលជាប្រទេស​កំណើត​របស់ខ្លួន​ឱ្យ​កាន់តែ​រីកចម្រើនជឿន​លឿន​​នោះឯង។

“មូលនិធិ​យើង​ជួយ​កម្ពុជា” ជាមូលនិធិ​សប្បុរសធម៌​ ហេតុនេះ​ អ្វីដែល​យើង​ចង់​បាន​បំផុត គឺការចូលរួមជួយ​​ដោយ​​ចិត្តពិតប្រាកដ បើ​​ទោះជា​ការ​​ចូលរួមជួយនោះ ជាការ​បរិច្ចាគ​​ជាថវិកាក្ដី, ជាការឧបត្ថម្ភ​ជាអ្វី​មួយ​ក្ដី, ជាការ​​​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​អ្នក​ជួយ​ការ​ងារ​ក្ដី​​, ជាការ​ចូលជា​សមាជិក ឬដៃ​គូ​សហការ​ក្នុង​គម្រោង​ការងារ​អ្វី​មួយក្ដី និង​ទោះជា​តិចក្ដី, ច្រើនក្ដី ឱ្យតែ​ជាការ​ជួយ​ដោយ​ស្ម័គ្រស្មោះ​ចេញ​ពីចិត្ត​ពិតប្រាកដ នោះយើង​នឹង​រីករាយ​ទទួល​យក​ដោយសេចក្ដី​អំណរបំផុត។

​ហេតុ​នេះ​ ប្រសិន​បើ​អ្នក​​មាន​ចិត្ត​ចង់ជួយ​​ប្រជា​ពលរដ្ឋ​ក្រី​ក្រ​លំបាកនៅ​កម្ពុជាដែលជា​ជនរួម​ជាតិ​របស់ខ្លួន ដូចជា ក្មេងកំព្រា, ចាស់ជរា, ជនពិការ, ស្រី, កុមារ និង​ជនគ្មានទីជម្រកទាំង​ឡាយដែលមាន​ជីវភាពខ្វះ​ខាត​ក្នុង​ជីវិត​​ ក៏ដូចជា​ចង់ចូលរួម​ចំណែក​​ជួយ​អភិវឌ្ឍ​សង្គម​ជាតិ​កម្ពុជាឱ្យ​កាន់​តែ​រីក​ចម្រើន​ជឿន​លឿន ​អ្នក​អាច​ចូលរួម​ជួយ​តាមរយៈ​ ​ “មូលនិធិយើង​ជួយ​កម្ពុជា” បានតាម​ទឹកចិត្ត និង​លទ្ធភាពរៀងៗ​ខ្លួន ដោយគ្មាន​ការ​បង្ខិត​បង្ខំ ឬ​កំណត់​ចំនួន​នោះឡើយ។​​

តើ​​អ្នក​ចង់​ជួយជន​រួម​ជាតិ​របស់​អ្នកដែរ​​ឬទេ? តើ​អ្នក​ចង់​តប​ស្នង​សង​គុណ​ដល់​សង្គម​ជាតិ​កម្ពុជាដែលជាប្រទេស​កំណើត​របស់​អ្នក​ដែរ​​ឬ​ទេ? ប្រសិន​បើ​​អ្នក​ពិត​ជាចង់ជួយ​មែននោះ! អ្នកអាច​ជួយ​បាន គឺ​ជួយ​ចាប់​ពីឥឡូវនេះ​​តែ​ម្ដង។ សូម​កុំ​ភ្លេច​ចូលរួម​ជួយកម្ពុជា​ទាំងអស់​គ្នា​ណា “ជួយ​ថ្ងៃនេះ គឺដើម្បី​ស្នាម​ញញឹម​របស់​ពលរដ្ឋ​ក្រី​ក្រ​​លំបាក​នៅថ្ងៃ​ស្អែក និង​ភាព​រីក​ចម្រើន​នៃ​សង្គម​កម្ពុជានៅ​ថ្ងៃ​អនាគត” នេះហើយ​ជាហេតុ​ផលដែល​យើង​ចាំ​បាច់​ត្រូវ​ជួយ​កម្ពុជា៕

រក្សា​សិទ្ធិ​ដោយ ៖ គេហទំព័រយើងជួយកម្ពុជា / wehelpcambodia.org