ការបរិច្ចាគពិតជាមានតម្លៃខ្លាំងណាស់ ទោះជាការបរិច្ចាគនោះ ជាការបរិច្ចាគបន្តិចបន្តួចស្ដួចស្ដើងយ៉ាងណាក៏ដោយ សំខាន់ឱ្យតែជាការបរិច្ចាគដែលកើតចេញពីចិត្តពោរពេញដោយសេចក្ដីស្រឡាញ់ និងធ្វើឡើងដើម្បីសេចក្ដីសុខប្រជាពលរដ្ឋ និងភាពរីកចម្រើននៃសង្គមជាតិរបស់ខ្លួនពិតប្រាកដ ដោយមិនទាមទារនូវផលតបស្នងត្រឡប់មកវិញ។
ពេលដែលអ្នកកំពុងតែអានអត្ថបទមួយនេះ មានពលរដ្ឋកម្ពុជាក្រីក្រលំបាកជាច្រើនដូចជា ក្មេងកំព្រា, ចាស់ជរា, ជនពិកា, ស្ត្រី, កុមារ និងជនគ្មានទីជម្រកទាំងឡាយ កំពុងត្រូវការជំនួយជាបន្ទាន់ អាចជាថវិកា, ចំណីអាហារ, សម្ភារៈ, ថ្នាំពេទ្យ ឬរបស់អ្វីមួយផ្សេងទៀត ដើម្បីដោះទ័លក្នុងជីវភាពរបស់ខ្លួនមួយគ្រា ដោយសារតែខ្លួនជួបប្រទះនូវគ្រោះវិបត្តិធ្ងន់ធ្ងរអ្វីមួយ ដូចជា ជួបនូវគ្រោះធម្មជាតិ, គ្រោះអគ្គីភ័យ និងគ្រោះថ្នាក់ធ្ងន់ធ្ងរមួយផ្សេងទៀត ដោយក្នុងនោះ អ្នកក៏ជាបុគ្គលមួយរូបដែលជាក្ដីសង្ឃឹមរបស់គាត់ទាំងឡាយ ដែលពួកគាត់រំពឹងថានឹងជួយពួកគាត់ផងដែរ។
ការបរិច្ចាគជួយអ្នកដទៃ ជាពិសេសជួយពលរដ្ឋនិងសង្គមជាតិរបស់ខ្លួន មិនចាំបាច់ទាល់តែអ្នកជាមហាសេដ្ឋីដែលមានអ្វីៗគ្រប់យ៉ាងនោះឡើយ សំខាន់ឱ្យតែអ្នកមានឆន្ទៈពិតប្រាកដក្នុងការបរិច្ចាគទៅគឺបានហើយ ព្រោះតម្លៃនៃការបរិច្ចាគ គឺគេកំណត់លើទំហំទឹកចិត្ត មិនមែនកំណត់លើទំហំនៃការបរិច្ចាគនោះទេ បើទោះជាការបរិច្ចាគរបស់អ្នក ជាការបរិច្ចាគបន្តិចបន្តួចក៏ដោយ ឱ្យតែកើតចេញពីទឹកចិត្តនិងក្ដីស្រឡាញ់ពិតប្រាកដ នោះវានឹងមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ នេះហើយជា “តម្លៃនៃការបរិច្ចាគ” ដែលយើងបង្ហាញឱ្យអ្នកបានដឹង និងចូលរួមជួយបរិច្ចាគចូល “មូលនិធិយើងជួយកម្ពុជា” ដោយបេះដូងទាំងអស់គ្នា ដើម្បីស្នាមញញឹមរបស់ពលរដ្ឋក្រីក្រលំបាកនៅថ្ងៃស្អែក និងភាពរីកចម្រើនៃសង្គមកម្ពុជានៃយើងនៅថ្ងៃអនាគត។ ចូរចាំណា៎… “ការបរិច្ចាគបន្តិចបន្តួចរបស់អ្នក គឺជាសេចក្ដីសុខដ៏ធំធេងរបស់អ្នកខ្វះខាត និងមានតម្លៃថ្លៃថ្លាលើសអ្វីៗទាំងអស់” ។ សូមអរគុណ៕
រក្សាសិទ្ធិដោយ ៖ គេហទំព័រយើងជួយកម្ពុជា / wehelpcambodia.org
ប្រទេសកម្ពុជាជាប្រទេសកំណើតនៃយើងទាំងអស់គ្នា ជាប្រទេសតែមួយគត់ដែលយើងចាំបាច់ត្រូវតែគិតដំបូងគេ និងជួយឱ្យបានច្រើនបំផុតតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីសេចក្ដីសុខប្រជាពលរដ្ឋ និងភាពរីកចម្រើននៃសង្គមជាតិយើង។
ហេតុនេះ “ហេតុអ្វីបានជាយើងត្រូវជួយកម្ពុជា?” នេះក៏ព្រោះថាជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាដែលត្រូវបំពេញ ដើម្បីតបស្នងសងគុណដល់សង្គមជាតិខ្លួននោះឯង ប្រៀបដូចទស្សនៈមួយបានលើកឡើងថា “នៅពេលដែលយើងចាប់កំណើតនៅលើទឹកដីនៃប្រទេសណាមួយ មានន័យថា យើងបានជំពាក់គុណទឹកដីប្រទេសនោះរួចទៅហើយ បើទោះជាប្រទេសនោះមិនបានជួយអ្វីដល់យើងពេលដែលយើងកើតនោះក៏ដោយ”។
ដោយយោងលើហេតុផលខាងលើនេះហើយ ទើបបានជាចាំបាច់ត្រូវតែបង្កើតឱ្យមានជា “មូលនិធិយើងជួយកម្ពុជា” នេះឡើង គឺដើម្បីឱ្យបងប្អូនកម្ពុជាដែលប្រកបដោយចិត្តសប្បុរសទាំងឡាយ មានមូលនិធិសប្បុរសធម៌ដ៏ល្អមួយ សម្រាប់ឱ្យខ្លួនបរិច្ចាគយកទៅជួយដល់ពលរដ្ឋក្រីក្រលំបាកដែលជាជនរួមជាតិរបស់ខ្លួន និងចូលរួមចំណែកជួយអភិវឌ្ឍសង្គមជាតិកម្ពុជាដែលជាប្រទេសកំណើតរបស់ខ្លួនឱ្យកាន់តែរីកចម្រើនជឿនលឿននោះឯង។
“មូលនិធិយើងជួយកម្ពុជា” ជាមូលនិធិសប្បុរសធម៌ ហេតុនេះ អ្វីដែលយើងចង់បានបំផុត គឺការចូលរួមជួយដោយចិត្តពិតប្រាកដ បើទោះជាការចូលរួមជួយនោះ ជាការបរិច្ចាគជាថវិកាក្ដី, ជាការឧបត្ថម្ភជាអ្វីមួយក្ដី, ជាការស្ម័គ្រចិត្តធ្វើជាអ្នកជួយការងារក្ដី, ជាការចូលជាសមាជិក ឬដៃគូសហការក្នុងគម្រោងការងារអ្វីមួយក្ដី និងទោះជាតិចក្ដី, ច្រើនក្ដី ឱ្យតែជាការជួយដោយស្ម័គ្រស្មោះចេញពីចិត្តពិតប្រាកដ នោះយើងនឹងរីករាយទទួលយកដោយសេចក្ដីអំណរបំផុត។
ហេតុនេះ ប្រសិនបើអ្នកមានចិត្តចង់ជួយប្រជាពលរដ្ឋក្រីក្រលំបាកនៅកម្ពុជាដែលជាជនរួមជាតិរបស់ខ្លួន ដូចជា ក្មេងកំព្រា, ចាស់ជរា, ជនពិការ, ស្រី, កុមារ និងជនគ្មានទីជម្រកទាំងឡាយដែលមានជីវភាពខ្វះខាតក្នុងជីវិត ក៏ដូចជាចង់ចូលរួមចំណែកជួយអភិវឌ្ឍសង្គមជាតិកម្ពុជាឱ្យកាន់តែរីកចម្រើនជឿនលឿន អ្នកអាចចូលរួមជួយតាមរយៈ “មូលនិធិយើងជួយកម្ពុជា” បានតាមទឹកចិត្ត និងលទ្ធភាពរៀងៗខ្លួន ដោយគ្មានការបង្ខិតបង្ខំ ឬកំណត់ចំនួននោះឡើយ។
តើអ្នកចង់ជួយជនរួមជាតិរបស់អ្នកដែរឬទេ? តើអ្នកចង់តបស្នងសងគុណដល់សង្គមជាតិកម្ពុជាដែលជាប្រទេសកំណើតរបស់អ្នកដែរឬទេ? ប្រសិនបើអ្នកពិតជាចង់ជួយមែននោះ! អ្នកអាចជួយបាន គឺជួយចាប់ពីឥឡូវនេះតែម្ដង។ សូមកុំភ្លេចចូលរួមជួយកម្ពុជាទាំងអស់គ្នាណា “ជួយថ្ងៃនេះ គឺដើម្បីស្នាមញញឹមរបស់ពលរដ្ឋក្រីក្រលំបាកនៅថ្ងៃស្អែក និងភាពរីកចម្រើននៃសង្គមកម្ពុជានៅថ្ងៃអនាគត” នេះហើយជាហេតុផលដែលយើងចាំបាច់ត្រូវជួយកម្ពុជា៕
រក្សាសិទ្ធិដោយ ៖ គេហទំព័រយើងជួយកម្ពុជា / wehelpcambodia.org