កំពូលកីឡាការិនី ស្រួង ភាវី ទទួលបានពានរង្វាន់កីឡាការិនីស្នុកឃ័រប៊ីយ៉ាការ៉ុមឆ្នើមប្រចាំឆ្នាំ២០២៣ នៅកូរ៉េខាងត្បូង ដល់ទៅ៤ពានម្នាក់ឯងដ៏មិនគួរឱ្យជឿ
- March 16th, 2023
កំពូលកីឡាការិនី ស្រួង ភាវី ទទួលបានពានរង្វាន់កីឡាការិនីស្នុកឃ័រប៊ីយ៉ាការ៉ុមឆ្នើមប្រចាំឆ្នាំ២០២៣ នៅកូរ៉េខាងត្បូង ដល់ទៅ៤ពានម្នាក់ឯងដ៏មិនគួរឱ្យជឿ
កាលពីថ្ងៃអង្គារ៍ ទី១៤ ខែមីនា ឆ្នាំ២០២៣ ថ្មីៗនេះ វាគឺជាប្រវត្តិសាស្ត្រថ្មីមួយទៀតដ៏អស្ចារ្យស្ទើរមិនគួរឱ្យជឿ សម្រាប់អ្នកនាង ស្រួង ភាវី ក៏ដូចជាប្រជាជាតិកម្ពុជាទាំងមូល ដែលកំពូលកីឡាការិនីស្នុកឃ័រប៊ីយ៉ាការ៉ុមរូបនេះ អាចដណ្ដើមបានពានរង្វាន់កីឡាការិនីឆ្នើមប្រចាំឆ្នាំ២០២៣នៅកូរ៉េខាងត្បូងដល់ទៅបួនពានម្នាក់ឯងដ៏មហាអស្ចារ្យ ដែលកម្រនឹងមានកីឡាការិនីអាចអាចសម្រេចបានណាស់សូម្បីតែកីឡាការិនីកូរ៉េខាងត្បូងដែលជាម្ចាស់ទឹកដីផ្ទាល់។
អ្នកនាង ស្រួង ភាវី ដែលទទួលបានពានរង្វាន់បួនម្នាក់ឯងដ៏ថ្លៃថ្លានេះ បានសម្ដែងនូវអារម្មណ៍ផ្ទាល់ខ្លួនថា “ថ្ងៃនេះខ្ញុំពិតជារំភើប និងមានមោទកភាពខ្លាំងណាស់ ដោយបានទទួលពានរង្វាន់PBA សម្រាប់កីឡាករឆ្នើមប្រចាំឆ្នាំ២០២៣ ចំនួន៤ពានម្នាក់ឯង ដោយក្នុងចំណោមកីឡាករឆ្នើមទាំងអស់ពួកគាត់ទទួលបានត្រឹមម្នាក់១ប៉ុណ្ណោះ។” អ្នកនាងបានបន្ថែមទៀតថា “នាងខ្ញុំរំភើបពេកស្ទើរតែរកពាក្យអ្វីមកនិយាយមិនចេញ តែអ្វីដែលខ្ញុំនឹកឃើញមុនគេ នេះគឺជាកិត្តិយសសម្រាប់ប្រជាជាតិកម្ពុជារបស់នាងខ្ញុំ ព្រោះ ស្រួង ភាវី ម្នាក់នេះមកពីប្រទេសកម្ពុជា គឺជាមាតុភូមិដ៏ល្អផូរផង់របស់នាងខ្ញុំ។” អ្នកនាងបានសម្ដែងការតាំងចិត្តថា “តទៅទៀត កូនស្រីកម្ពុជាម្នាក់នេះ នឹងខិតខំប្រឹងប្រែងធ្វើអ្វីៗឱ្យកាន់តែអស្ចារ្យ និងព្យាយាមនាំយកនូវកិត្តិយសដ៏បវរសម្រាប់ជាតិមាតុភូមិកម្ពុជា ក៏ដូចជាពុកម៉ែបងប្អូនយើងដែលតែងតែគាំទ្រ និងលើកទឹកចិត្តដល់រូបនាងខ្ញុំរហូតមក។ នាងខ្ញុំសូមគោរពជូនពរដល់ជនរួមជាតិកម្ពុជាទាំងអស់គ្នាឱ្យជួបប្រទះតែសេចក្ដីសុខរហូតតទៅ… សូមអរគុណ!”
ខាងលើជាបទសម្ភាសន៍ខ្លីមួយដែល “គេហទំព័រយើងជួយកម្ពុជា” បានធ្វើជាមួយកំពូលកីឡាការិនីស្នុកឃ័រប៊ីយ៉ាការ៉ុម ស្រួង ភាវី មកផ្សាយជូនឱ្យបងប្អូនជនរួមជាតិទាំងអស់បានដឹង ដើម្បីចូលរួមអបអរនូវជ័យជម្នះដ៏ប្រសើរថ្លៃថ្លានេះទាំងអស់គ្នា។
កំពូលកីឡាការិនី ស្រួង ភាវី និងពានរង្វាន់ទាំង៤ដែលទទួលបាន
យើងខ្ញុំរំលឹកផងដែរថា ក្រៅពីជាកីឡាការិនីដ៏ឆ្នើមមួយរូប អ្នកនាង ស្រួង ភាវី ក៏ជាបុគ្គលមួយរូបដែលប្រកបដោយចិត្តសម្បុរសផងដែរ ដែលកន្លងមកអ្នកនាងបានធ្វើសកម្មភាពមនុស្សធម៌ជាច្រើនចំពោះពលរដ្ឋក្រីក្រកម្ពុជា ដែលជាជនរួមជាតិខ្លួន និងនៅតែកំពុងតែបន្តសកម្មភាពមនុស្សធម៌បែបនេះបន្តទៀតផងដែរ ដោយមិនបោះបង់ឡើយ ផ្ទុយទៅវិញមានតែខិតខំប្រឹងប្រែងធ្វើគ្រប់យ៉ាងបន្ថែមទៀត ដើម្បីជួយដល់ពលរដ្ឋ និងសង្គមកម្ពុជាដែលជាប្រទេសកំណើតរបស់ខ្លួនឱ្យបានច្រើនបំផុត ដែលការតាំងចិត្តនិងសកម្មភាពមនុស្សធម៌របស់អ្នកនាង ពិតជាគួរឱ្យស្ងើចសរសើរ និងយកជាគំរូខ្លាំងណាស់។ ក្នុងឱកាសនេះ “គេហទំព័រយើងជួយកម្ពុជា” សូមចូលរួមសម្ដែងនូវការត្រេកអរជាមួយជ័យជម្នះរបស់នាង និងសូមជូនពរឱ្យអ្នកនាងកាន់តែទទួលបានជោគជ័យលើវិស័យកីឡាប្រភេទនេះឱ្យកាន់តែអស្ចារ្យបន្ថែមទៀត ដើម្បីលើកកម្ពស់មុខមាត់ប្រទេសកម្ពុជាឱ្យកាន់តែខ្ពស់ត្រដែតឡើងលើឆាកអន្តរជាតិ។ សូមអរគុណ៕
រក្សាសិទ្ធិដោយ ៖ គេហទំព័រយើងជួយកម្ពុជា / wehelpcambodia.org