លោក ណាំ​ លឹមហៀង  បង្ហាញ​ពីអត្ថប្រយោជន៍​សៀវភៅស្នាដៃទី២របស់លោក

  • March 15th, 2023

ថ្មីៗនេះ លោក ណាំ​ លឹមហៀង  ដែលជាពលករខ្មែរមួយរូបកំពុង​បំពេញ​ការងារ​នៅកូរ៉េខាងត្បូង និងជាគ្រូបង្រៀនភាសាកូរ៉េតាម​អនឡាយមួយរូប ទើបតែបាន​ចេញ​ផ្សាយ​សៀវភៅ​រៀបរៀងស្នាដៃទី២​របស់លោក ដែលជាសៀវភៅ​មានអត្ថប្រយោជន៍​យ៉ាង​ខ្លាំង សម្រាប់អ្នក​ដែល​មានបំណង​កាន់តែ​ចង់​ចេះភាសាកូរ៉េច្បាស់ ជាពិសេសអ្នក​ដែល​ចង់​ផ្លាស់​បប្ដូរ​វីសា​ និង​ចូល​សញ្ជាតិ​កូរ៉េឱ្យទទួល​បាន​ជោគជ័យ។ ដោយ​មើល​ឃើញពីគុណ​តម្លៃ​នៃ​សៀវភៅ​នេះហើយ ទើប​បានជា​ “គេហទំព័រយើង​ជួយ​កម្ពុជា” ដែលជា​គេហទំព័រ​បង្កើត​ឡើង​ដើម្បី​ផ្សព្វផ្សាយ​ជាការងារ​មនុស្ស​ធម៌ ក៏ដូចជាបណ្ដាល​បុគ្គល​ទាំង​ឡាយដែល​បានបង្កើត​កម្មវិធី ឬស្នាដៃ​ទាំង​ឡាយណា​ក្នុងន័យដើម្បី​ជួយ​ដល់​អ្នក​ដទៃ ដែលជា​សកម្មភាព​ដ៏​គាប់​ប្រសើរ​មួយ និង​ត្រូវ​តាមគោលការ​ក្នុងការ​ផ្សាយ​របស់​គេហទំព័រថ្មីនេះ។ ដូច​នេះ ដើម្បីបានដឹងច្បាស់ថា តើ​សៀវភៅ​ទី​២របស់​លោក ណាំ​ លឹមហៀង  មានលក្ខណៈ​យ៉ាងណា​ខ្លះនោះ សូមតាមដាន​បទសម្ភាសដែ​ល​គេហទំព័រ​យើង​ខ្ញុំ​បានធ្វើ​ចំពោះ​លោក​ ដូច​​តទៅ ៖​

គេហទំព័រយើងជួយកម្ពុជា ៖ តើសៀវភៅស្នាដៃទី២របស់លោកមានចំណងជើងដូចម្ដេច? ប្រើរយៈពេល​ប៉ុន្មានក្នុងការរៀបរៀងទម្រាំអាចបោះពុម្ពផ្សាយចេញ​បាន?

លោក ណាំ​ លឹមហៀង ៖ ជាដំបូង សូមជម្រាបសួរដល់​ក្រុម​ការងារ​ទាំងអស់​របស់ “គេហទំព័រយើងជួយកម្ពុជា” និងសូមអគុណជាអនេកដែលគេហទំព័រយើងជួយកម្ពុជា​បាន​ចំណាយពេលដ៏មានតម្លៃសម្ភាសន៍​ក៏ដូចជា​ជួយផ្សព្វ​ផ្សាយ​ពីសៀវភៅ​របស់ខ្ញុំ​បាទ។ ចំពោះសៀវភៅស្នាដៃទីពីររបស់ខាងយើងខ្ញុំនេះមានចំណងជើងថា “សៀវភៅពាក្យ និងមេរៀនសង្ខេបប្រលងចូលសញ្ជាតិកូរ៉េ” ។ សៀវភៅនេះ ខ្ញុំនិងក្រុមការងារបានរៀបរៀងរយះពេលមួយ​ឆ្នាំ ទើបអាចសម្រេចបានចេញបោះពុម្ភផ្សាយ។

គេហទំព័រយើងជួយកម្ពុជា ៖ តើខ្លឹមសារសំខាន់នៃសៀវភៅនេះនិយាយពីអ្វី? នរណាខ្លះដែលគួរអានសៀវភៅនេះខ្លាំងជាងគេ?

លោក ណាំ​ លឹមហៀង ៖ ចំពោះសៀវភៅទីពីរនេះ ខ្ញុំជាមួយនិងក្រុមការងារបានដកស្រង់មេរៀនពីសៀវភៅជាច្រើនដែលទាក់ទងទៅនឹងមេរៀនសម្រាប់ប្រលងបញ្ចប់កម្រិតទី៥ នៃវគ្គភាសាកូរ៉េមួយឈ្មោះ កម្មវិធីសិក្សាសង្គម (사회통합 프로그램) ដែលពន្យល់លម្អិតអំពីសង្គម សេដ្ឋកិច្ច វប្បធម៌ ច្បាប់ នយោបាយ សង្គម ភូមិសាស្រ្ត ប្រវត្តិសាស្ត្រ និងសណ្តាប់ធ្នាប់​នៃការរស់នៅរបស់ប្រទេសកូរ៉េ អមជាមួយវិញ្ញាសារត្រៀមប្រលងចូលសិក្សា និងប្រលងបញ្ចប់។

គេហទំព័រយើងជួយកម្ពុជា ៖ អ្វី​ជាកត្តាជំរុញឱ្យលោករៀបរៀងសៀវភៅមួយក្បាលនេះឡើង?

លោក ណាំ​ លឹមហៀង ៖ កត្តាដែលជំរុញឲ្យខ្ញុំនិងក្រុមការងាររៀបរៀងសៀវភៅនេះ គឺដោយឃើញមានបងប្អូនកាន់វីសារពលករធម្មតា E-9 ព្យាយាមសិក្សាភាសាកូរ៉េដើម្បីប្តូរយកវីសារ E-7-4 និងបងប្អូនដែលត្រៀមចង់ប្តូរទៅកាន់វីសារ E-9B ដែលអាចរស់នៅប្រទេសកូរ៉េបាន១០ឆ្នាំដែលរដ្ឋកូរ៉េកំពុងព្រាង និងបងប្អូនស្ត្រីដែលមានគ្រួសារជាជនជាតិកូរ៉េសិក្សាប្រលងដើម្បីចូលសញ្ជាតិកូរ៉េ តែជួបផលវិបាកចំពោះការប្រលងបញ្ចប់ និងមិនសូវយល់អំពីមេរៀនសង្គមកូរ៉េទាំងអស់នេះ ធ្វើឲ្យពួកគាត់ប្រលងធ្លាក់ ឬសម្ភាសន៍ធ្លាក់ជាច្រើនដង ដែលនាំឲ្យពួកគាត់ខាតបង់ថរិកាពេលវេលា និងបងប្អូនមួយចំនួនបាត់បង់ឪកាសក្នុងការប្តូរវីសារ។​

គេហទំព័រយើងជួយកម្ពុជា ៖ តើលោកគិតថាសៀវភៅមួយក្បាលនេះ នឹងជួយដល់អ្នកអានបានយ៉ាងណាខ្លះ?

លោក ណាំ​ លឹមហៀង ៖ ជាទស្សនៈវិស័យនិងការជឿជាក់សៀវភៅនេះនឹងជួយដល់បងប្អូនដែលបានអានឲ្យយល់អំពីមេរៀនសង្ខេបសំខាន់ៗអំពីសង្គម សេដ្ឋកិច្ច វប្បធម៌ ច្បាប់ នយោបាយ សង្គម ភូមិសាស្រ្ត ប្រវត្តិសាស្ត្រ និងសណ្តាប់ធ្នាប់នៃការរស់នៅរបស់ប្រទេសកូរ៉េ ជាពិសេសពួកគាត់អាចរៀនធ្វើវិញ្ញាសារត្រៀមប្រលងចូលសិក្សាយកកម្រិតខ្ពស់ និងរៀនធ្វើវិញ្ញាសារប្រលងបញ្ចប់ដើម្បីឲ្យដឹងអំពីវិញ្ញាសារនិងងាយស្រួលដោះស្រាយលំហាត់ទាំងនោះនូវពេលប្រលងផ្ទាល់។

លោក ណាំ លឹមហៀង និងសៀវភៅស្នាដៃទី១ និងទី២ របស់លោក

គេហទំព័រយើងជួយកម្ពុជា ៖ តើលោកមានគម្រោងចេញផ្សាយ​សៀវភៅថ្មីទៀតឬទេ? បើមានជាសៀវភៅប្រភេទអ្វី? និងត្រៀមចេញផ្សាយក្នុងពេលណា?

លោក ណាំ​ លឹមហៀង ៖ ខ្ញុំនិងក្រុមការងារមានគម្រោងចេញផ្សាយនូវសៀវភៅថ្មីៗទៀត មានដូចជាសៀវភៅសន្ទនា និងសៀវភៅគន្លឹះនៃការដោះស្រាយលំហាត់ ដែលគ្រោងនឹងចេញផ្សាយ​នៅចុងឆ្នាំ ២០២៣នេះឯង។

គេហទំព័រយើងជួយកម្ពុជា ៖ អ្វីជាមតិចុងក្រោយរបស់លោកមុននឹងបិទបញ្ចប់បទសម្ភាសន៍ជាមួយគេហទំព័រយើងជួយកម្ពុជា” នៅពេលនេះ? សូមគោរពអញ្ជើញ!

លោក ណាំ​ លឹមហៀង ៖ ជាចុងក្រោយ ខ្ញុំនិងក្រុមការងារសូមអគុណដល់ក្រុម​ការងារគេហទំព័រយើងជួយកម្ពុជាម្តងទៀត ដែលបាន​ចំណាយពេលដ៏មានតម្លៃជួយសម្ភាសន៍និងផ្សព្វ​ផ្សាយពីសៀវភៅខាងយើងខ្ញុំ។ និងសូមថ្លែងអំណរអគុណដល់បងប្អូនជនរួមជាតិទាំងអស់ ដែលបានគាំទ្រស្នាដៃខាងយើងខ្ញុំ ទោះបីមិនទាន់ល្អណាស់ណា តែខាងយើងខ្ញុំនឹងព្យាយាមកែសម្រួលសិក្សា និងអភិវឌ្ឍន៍បន្ថែមដើម្បីចូលរួមជាចំណែកមួយក្នុងការជួយជំរុញបងប្អូនឲ្យដល់គោលដៅដែលបងប្អូនប៉ងប្រាថ្នា។ យើងខ្ញុំរង់ចាំទទួលមតិរិះគន់ក្នុងន័យស្ថាបនាពីសំណាក់បងប្អូនទាំងអស់គ្នាផងដែរ។ សូមអគុណ!​

លោក ណាំ លឹមហៀង និងភរិយា

ប្រសិនបើ​បងប្អូន​ចង់​ជាវសៀវភៅទាំង​ទី១និងទី២​របស់​លោក ណាំ លឹមហៀង យកទៅ​អាន លោកអ្នក​អាច​រកទិញ​បានតាមអនឡាញ ដោយឆាតទៅកាន់​ផេករបស់លោកផ្ទាល់ឈ្មោះ KH Korean School https://www.facebook.com/search/top?q=kh%20korean%20school  សម្រាប់នៅប្រទេសកូរ៉េ និងនៅប្រទេសកម្ពុជា អាចឆាតទៅផេកឈ្មោះ KH Korean Bookstore https://www.facebook.com/KH-Korean-Bookstore-107884637749317/  បាន។  លោក ណាំ លឹមហៀង ក្រៅពីជាម្ចាស់​ស្នាដៃសៀវភៅដែល​បានរៀបរាប់​ខាង​លើ​ និងជាគ្រូបង្រៀនភាសាកូរ៉េតាមអនឡាញក្រៅម៉ោងហើយ លោកគឺជាពលករ​ខ្មែរ​ស្រប​ច្បាប់​មួយរូប ​កំពុងបំពេញ​ការងារនៅ​ប្រទេសកូរ៉េខាងត្បូង។ លោក​បានរៀបការនៅថ្ងៃទី២៨ ខែវិឆ្ឆិការ ឆ្នាំ២០២១ ជាមួយភរិយាឈ្មោះ អយ សុដានី នៅទីក្រុងអ៊ីនឆន ប្រទេសកូរ៉េខាងត្បូង។ សូមអរគុណ៕

រក្សាសិទ្ធិដោយ ៖ គេហទំព័រយើងជួយ​កម្ពុជា /  wehlpcambodia.org